បន្លែ​-ផ្លែឈើ​សរីរាង្គ​ ពុំ​ផ្ទុក​វីតាមីន​លើស​ពី​ដំណាំ​ទូទៅ តាម​ធម្មជាតិ​នោះទេ


បន្លែ​បង្ការ និង​សាច់​សត្វ​ដែល​ចិញ្ចឹម​តាម​ធម្មជាតិ មិន​ជា​មាន​វីតាមីន ជីវជាតិ​រ៉ែ ឬ​គុណ​ប្រយោជន៍​ដល់​សុខភាព​ ជាង​ផលិតផល​ដែល​ដាំ និង​ចិញ្ចឹម​ដោយ​មាន​ជំនួយ​ពី​ជាតិ​គីមី​ទូទៅ ​នោះ​ទេ។ ការ​សិក្សា​ថ្មី​បាន​អះអាង​ថា បន្លែ សាច់ ដែល​ផលិត​តាម​បែប​ធម្មជាតិ គ្រាន់​តែ​អាច​ជួយ​អ្នក​ទទួលទាន​ឲ្យ​កាត់​បន្ថយការ​ប្រឈម​នានា និង​សម្លាប់​សត្វ​ល្អិត ព្រម​ទាំង​ពពួក​បាក់តេរី​ប្រឆាំង​អង់ទីប៊ីយូទិក​តែ​ប៉ុណ្ណោះ។

ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកល​វិទ្យាល័យ​ស្តេនហ្វត សហរដ្ឋ​អាមេរិក បាន​ធ្វើ​ការ​វិភាគ​លើ​ការ​ស្រាវជ្រាវ​២០០​ករណី​កន្លង​មក ដោយ​ប្រៀបធៀប​ពី​ស្ថានភាព​អ្នក​ញ៉ាំ​បន្លែ​សាច់​សរីរាង្គ និង​អ្នក​បរិភោគ​បន្លែ​សាច់​ចិញ្ចឹម​ទូទៅ។

វេជ្ជបណ្ឌិត ស្មីត ស្ពេងហ្គើរ បាន​រក​ឃើញ​ថា អ្នក​ញ៉ាំ​បន្លែ​សរីរាង្គ និង​អ្នក​ញ៉ាំ​បន្លែ​ដាំ​ធម្មតា មិន​មាន​ភាព​ខុស​ប្លែក​គ្នា​លើ​កម្រិត​វីតាមីន និង​ជីវជាតិ​ឡើយ។

ការ​ សិក្សា​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា ជា​ទូទៅ បន្លែ សាច់​ មាន​៣០​ភាគរយ​ផ្ទុក​ថ្នាំ​សម្លាប់​សត្វ​ល្អិត​។ ចំណែក​ឯ​ក្នុង​ចំណោម​បន្លែ​ សាច់​សរីរាង្គ​វិញ មាន​១០​ភាគរយ​នៅ​តែ​ផ្ទុក​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដដែល។

ប៉ុន្តែ វេជ្ជបណ្ឌិត លូ ជិនសេង មក​ពី​សាកល​វិទ្យាល័យ​សុខាភិបាល​ ហាវើត បាន​ជំរុញ​ថា៖ «អាហារ​សរីរាង្គ​ នៅតែ​ជា​ជម្រើស​ល្អ​ចំពោះ​សុខភាព បើ​ទោះ​វា​មិន​មាន​វីតាមីន​ពិសេស​ក្ដី»៕
ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ២០ គីឡូម៉ែត្រ​ពី​រមណីយដ្ឋាន​ពិកនិក​នៅ​ផ្លូវជាតិ​លេខ​ ៤ បង្គោល​គីឡូម៉ែត្រ​លេខ ១៣៥ ស្រុក​កំពង់សិលា ខេត្ដ​ព្រះសីហនុ ដែល​មាន​សេវាកម្ម​ផ្ទះស្នាក់​បាំងហ្គាឡូ និង​​​អាហារដ្ឋាន​បម្រើ​មុខម្ហូប និង​បន្លែ​ផ្លែឈើ​សរីរាង្គ ជាពិសេស កសិដ្ឋាន​បន្លែ ផ្លែឈើ​សរីរាង្គ​បៃតង​ខ្ចី​នៅ​ក្នុង​បរិវេណ​ជើង​ភ្នំ​ដ៏​ស្រស់ត្រកាល កសិដ្ឋាន​ដ៏ធំ​ល្វឹងល្វែង ជា​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ផលិតផល​សរីរាង្គ (OTC) មាន​​ដំណាំ​ជាង​ ៩០ ​មុខ​​រំលេច​ជា​ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​គួរ​ឲ្យ​ចង់​បរិភោគ និង​គយគន់​ឥត​ជិនណាយ​លើ​ខ្នង​ភ្នំ​ដ៏ស្ងប់​សុខ​។

ដើម្បី​លើក​កម្ពស់​ការ​ទទួលទាន​បន្លែ​ផ្លែឈើ​សរីរាង្គ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា​ដោយ​បាន​លើក​ពាក្យស្លោក​មួយ​ឃ្លា​ថា «​ទីណា កន្លែង​ណា មិន​បារម្ភ​ចំពោះ​សុវត្ថិភាព​ចំណី​អាហារ​»​ ក្រុមហ៊ុន​តន្ទ្រី​បៃតង ដែល​ធ្វើការ​នាំ​ចូល​គ្រាប់ពូជ​បន្លែ​មាន​គុណភាព​ខ្ពស់ បាន​រៀបចំ​កម្មវិធី​ដំណើរ​កម្សាន្ដ​ចុង​សប្ដាហ៍​ទៅកាន់​កសិដ្ឋាន​ស្ថិត​​នៅក្នុង​ភូមិ​នេសាទ ស្រុក​ស្រែអំបិល ខេត្ដ​កោះកុង និង​ភ្លក្ស​រសជាតិ​ម្ហូប​អាហារ​ដែល​ប្រើ​បន្លែ​ស្រស់​ថ្មីៗ​គ្មាន​សារធាតុ​គីមី​។

លោក ខេង ងួន ជា​នាយករង​នៅ​ Bellevue Serviced Apartments ទី​ដែល​ភ្ញៀវ​ត្រូវ​ចេញ​ដំណើរ បាន​ឲ្យ​ដឹង​ថា​៖ «​យើង​មិន​ចង់​បាន​ប្រាក់​អ្វី​ពី​ការ​នាំ​ភ្ញៀវ​ទៅ​ទស្សនា​កសិដ្ឋាន​សរីរាង្គ​នោះ​ទេ​។ យើង​គ្រាន់តែ​ចង់​បង្ហាញ​ពួកគេ​នូវ​អត្ថប្រយោជន៍​នៃ​ការ​បរិភោគ​បន្លែ និង​ផ្លែឈើ​គ្មាន​ជាតិ​គីមី​ចំពោះ​សុខភាព​។
លោក​បាន​បន្ដ​ថា នៅក្នុង​កញ្ចប់​ដំណើរ​កម្សាន្ដ​​នោះ ភ្ញៀវ​នឹង​ចេញ​ដំណើរ​ពី​ម៉ោង​ ៦ ព្រឹក​ពី Bellevue Serviced Apartments ដែល​ស្ថិត​នៅ​តាម​ផ្លូវ​មាត់​ទន្លេ​ត្រើយ​ខាង​កើត​ ចម្ងាយ​​ប្រមាណ ៥០០ ម៉ែត្រ​ពី​ស្ពាន​ជ្រោយចង្វារ ទៅ​ទទួលទាន​អាហារ​ពេល​ព្រឹក​នៅ​រមណីយដ្ឋាន​ពិកនិក វេលា​ម៉ោង​ប្រមាណ ៨ ឬ ៩ ព្រឹក រួច​បន្ដ​ដំណើរ​ទៅកាន់​កសិដ្ឋាន​ទស្សនា ស្វែងយល់​អំពី​ការ​ដាំដំណាំ​ព្រមទាំង​ភ្លក្ស​រសជាតិ​​ផលិតផល​គ្មាន​ជាតិ​គីមី។

មុន​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ ភ្ញៀវ​ត្រូវ​បាន​បម្រើ​​អាហារ​ថ្ងៃត្រង់​ចម្អិន​ពី​បន្លែ​សរីរាង្គ​ស្រស់ៗ​ដ៏​ឆ្ងាញ់​ពិសា​មួយ​ពេល​ទៀត​នៅ​រមណីយដ្ឋាន​ពិកនិក​។

លោក​បន្ថែម​ថា​៖ «​ក្នុង​តម្លៃ​ ២៥ ​ដុល្លារ​សម្រាប់​ភ្ញៀវ​ម្នាក់ ពួកគេ​នឹង​រីករាយ​ជាមួយ​​សកម្មភាព​ជាច្រើន​ទៀត​ទាំង​នៅ​រមណីយដ្ឋាន​ពិកនិក និង​កសិដ្ឋាន​ដំណាំ ព្រមទាំង​អាច​ទិញ​បន្លែ ផ្លែឈើ​ទាំងនោះ​យក​ទៅ​ទទួលទាន​ថែម​ទៀត​ផង​។

អ្នកនាង ប៉ាង សុវណ្ណារ័ត្ន ជា​មគ្គុទេ្ទសក៍ និង​អ្នក​គ្រប់គ្រង​នៅ​កសិដ្ឋាន បាន​ឲ្យ​ដឹង​ថា នៅលើ​ផ្ទៃដី​ដែល​បង្ក​បង្កើន​ផល​ដំណាំ​ជាង​ ៩០ ​ប្រភេទ​នេះ មាន​ទាំង​​​បន្លែ​ទង បន្លែ​ផ្លែ បន្លែ​ស្លឹក បន្លែ​ធាង បន្លែ​មើម​ហើយ​បន្លែ​ផ្លែឈើ រមែង​ត្រូវ​បាន​ដាំដុះ​ផ្លាស់ប្ដូរ​វិលជុំ​គ្រប់​រដូវកាល​ទាំងអស់​។
អ្នក​នាង​បន្ដ​ទៀត​ថា​៖ «​ថ្វីដ្បិត​តែ​ដំណាំ​ទាំងអស់​នេះ មាន​គ្រប់​រដូវ និង​ត្រូវ​បាន​ស្រោចស្រព​ទឹក​ជា​ប្រចាំ​យ៉ាង​ណា​ក៏ដោយ ក៏​សម្រស់​បៃតង​​នៃ​ស្លឹក​រុក្ខជាតិ​ដុះ​ខ្ចី​មី​រដេរដាស​ដ៏​ត្រកាល​បំផុត​នោះ​​គឺ​នៅ​រដូវវស្សា​»។

ចំពោះ​ទីតាំង​ដំណាំ​នៅ​ឆ្ងាយ​រហូត​ដល់​តំបន់​ភ្នំ​ដែល​ដី​មិន​មាន​ជីជាតិ​ល្អ​នោះ អ្នកនាង ប៉ាង សុវណ្ណារ័ត្ន បាន​ប្រាប់​ពី​មូលហេតុ​ថា​៖ «​ការ​បង្ក​បង្កើន​ផល​លើ​ដី​ដែល​ធ្លាប់​ប្រើ​សារធាតុ​គីមី បន្លែ​ផ្លែឈើ​ទាំងនោះ​មិន​អាច​ចាត់ទុក​ជា​ផលិតផល​សរីរាង្គ​ឡើយ​។ ដូច្នេះ បើ​ទោះ​ជា​ដី​ភ្នំ​គ្មាន​ជីជាតិ ឬ​មាន​ថ្ម​ពិបាក​យ៉ាង​ណា ក៏​យើង​ខិតខំ​ផលិត​បន្លែ ផ្លែឈើ​សរីរាង្គ​ពិតៗ​៕
Newest
Previous
Next Post »